រយះពេល៣ថ្ងៃ ដែលក្រុមគ្រូពេទ្យចល័ត យោធភូមិភាគទី៥ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ៤សង្កាត់ ៨ទីតាំង នៃក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៣ ដែលក្រុមគ្រូពេទ្យចល័តយោធភូមិភាគទី៥ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ៤សង្កាត់ ៨ទីតាំង នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

យុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង  នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធាន គ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ និងមានការចូលរួម ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកង ពលតូចថ្មើជើងលេខ៥១ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ បានមានប្រសាសន៍ថា នេះជាថ្ងៃទី៣ នៃការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ ដោយកម្លាំងកងទ័ព គឺ កម្លាំងយោធភូមិភាគទី៥ និងបណ្តាអង្គភាព ដែលចំណុះឱ្យយោធភូមិភាគទី៥ ។

ក្នុងដំណើរការ ចាក់វ៉ាក់សាំងនេះ ចែកចេញជា ៨ទីតាំង នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  ដោយទីតាំងទាំងអស់ ត្រូវបានរៀបចំ និងដំណើរការចាក់ ជូនប្រជាពលរដ្ឋទូទៅ និងមាន១ទីតាំង គឺ ជាក្រុមររថយន្តចល័ត ដែលរាជរដ្ឋាភិបាល បំពាក់ជូនកងទ័ព ចំនួន២គ្រឿង សម្រាប់ចល័តក្នុង ការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា គ្រប់ទីតាំងទាំងអស់ បានដំណើរការយ៉ាង រលូន ហើយប្រជាពល រដ្ឋក៏មានការសប្បាយ ចិត្តដែលបានទទួល ការចាក់វ៉ាក់សាំងនេះ ។

ក្នុងនោះដែរ លោកបានផ្តាំផ្ញើ ដល់កងកម្លាំង ត្រូវយកចិត្តទុកដាក់ ក្នុងការងារ ចាក់វ៉ាក់សាំងជូន ពលរដ្ឋ និងបានអំពាវ នាវដល់បងប្អូន ប្រជាពលរដ្ឋ បន្ទាប់ពីទទួលការ ចាក់វ៉ាក់សាំងនេះ រួចហើយ កុំភ្លេចអនុវត្តន៍តាមការណែ នាំរបស់ក្រុមគ្រូពេទ្យ លើតំណមក្នុងអំឡុង ពេលចាក់វ៉ាក់សាំងនេះ ។

ឆ្លើយតបនឹងការ ចាក់វ៉ាក់សាំងការ ពារជំងឺកូវិដ១៩នេះ ប្រជាពលរដ្ឋ បានសម្តែងក្តីត្រេក អរក្រៃលែង ដែលទទួល បានការចាក់វ៉ាក់ សាំងការពារជំងឺកូវិដ១៩ ជាពិសេសសូម អរគុណចំពោះសម្តេច អគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបាន យកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំ ពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំង ជូនពលរដ្ឋនាពេលនេះ ។

គួរបញ្ជាក់ថា ដំណើរការនៃការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ ទូទាំងក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ២ថ្ងៃដំបូងកន្លមកនេះ សរុបបានចំនួន ២៤៩១៦នាក់ និងបន្តចាក់ជាបន្តបន្ទាប់ទៀត រហូតគ្រប់ចំនួន ប្រជាពលរដ្ឋ ក្នុងក្រុងតែម្តង ៕