ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំ ស្វែងរកដំណោះស្រាយ ករណីវិវាទដីធ្លីធំៗ ២ករណីទៀតដែលអូស បន្លាយអស់រយៈពេល ច្រើនឆ្នាំក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា លោក លី សារី អភិបាលរងខេត្ត តំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្ដម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងក្រុមការងារមន្រ្តីជំនាញ បានអញ្ជើញចូល រួមកិច្ចប្រជុំរកដំណោះ ស្រាយដីធ្លីចំនួន២ករណី៖ ករណីទី១ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក និងឃុំសឹង្ហ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ករណីទី២ រកដំណោះស្រាយ ករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ចំនួន៣១០គ្រួសារនៅភូមិ ថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយប្រជាពលរដ្ឋ ចំនួន៣០២គ្រួសារ មកពីកាស៊ីណូផ្កាយប្រាំ (ប៉ោយប៉ែត) នៅទីតាំង ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ(ខ)សាលាខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

បន្ទាប់ពីជជែកយ៉ាងល្អិតល្អន់ រកប្ញសគល់នៃរឿង ពេញមួយព្រឹក ភាគីទាំងសងខាង ព្រមទទួលយកតាមយុទ្ធសាស្ត្រ ដោះស្រាយបែបឈ្នះឈ្នះ ដែលជាមរតកដ៏មាន តម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេច តេជោនាយករដ្ឋមន្ត្រី ហើយក្នុងពេលឆាប់ៗ ខាងមុខឯកឧត្តមប៉ាន់ខែម ប៊ុនថននិង គណៈកម្មាធិការចុះដោះ ស្រាយបញ្ចប់នៅលើ ទីតាំងទំនាស់តែម្តង។