ពលករខ្មែរ៥នាក់និង ថៃ៥នាក់ដែល ជាក្រុមមេខ្យល់ ត្រូវទាហាន ឈុតខ្មៅថៃចាប់ខ្លួន

(បរទេសថៃ)៖  ពលករខ្មែរចំនួន៥នាក់ និងក្រុមមេខ្យល់ថៃ ៥ នាក់ ដែលបានបើក រថយន្តគេចពីការស្ទាក់ចាប់ ត្រូវបានក្រុមទាហាន ឈុតខ្មៅថៃ ចាប់ខ្លួន ខណ:ដែលពួកគេលប ឆ្លងដែនដោយខុសច្បាប់  ដើម្បីចូលទឹកដីថៃរកការងារធ្វើ ។

ការឃាត់ខ្លួននេះបាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧ ព្រឹក ត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

នៅមុនពេលឃាត់ខ្លួន គឺមានពលករខ្មែរចំនួន ៥ នាក់ និងថៃ ៥ នាក់ បានលបឆ្លងព្រំដែន ចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាជិះ តាមរថយន្តអុីស៊ុយស៊ុយ ១ គ្រឿង តាមបណ្តោយផ្លូវលេខ ៣៨០៥ ស្របពេលដែលកម្លាំង ទាហានឈុតខ្មៅថៃ សហការជាមួយកម្លាំង តម្រួតព្រំដែនលេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ប្រផាត់ប្រភីងដោយ សាររថយន្តព្យាយាមបើកគេច ។

ក្រោយការចាប់ខ្លួន ពលករខ្មែរបានសារភាពថា ពួកគេត្រូវចំណាយ លុយចំនួន ៥.៥០០ ទៅ ៧.០០០ បាត ក្នុងម្នាក់ៗ ទៅអោយអ្នកនាំផ្លូវ ដោយពួកគេទាំង៥នាក់ ក្នុងនោះ ២នាក់មកពីខេត្ត បន្ទាយមានជ័យ ចង់ទៅធ្វើ ជាកម្មករកសាង នៅខេត្តប៉ាធុំថានី ចំណែក ២ នាក់ដែលមកពី ខេត្តសៀមរាប ចង់ទៅធ្វើការនៅរោងចក្រក្រដាស ក្នុងខេត្តសមុទ្រប្រាកាន និងម្នាក់ទៀតដែលមក ពីខេត្តឧត្តរមានជ័យ ចង់ទៅធ្វើការក្នុង ហាងលក់បាយ នៅទីក្រុងបាងកក ។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបាន ត្រួតពិនិត្យសុខភាព ពួកគេទាំងអស់ និងបានបញ្ជូនទៅអោយ អធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីប្រគល់ ជនជាតិខ្មែរទាំង៥នាក់ ទៅអោយភាគី កម្ពុជាវិញតាមច្រកអូរបីជាន់ ដោយឡែកសម្រាប់ មេខ្យល់ថៃទាំង៥នាក់ ត្រូវអនុវត្តតាមនីតិវិធីច្បាប់ ៕ ដោយលោក មួន រិទ្ធីយ៉ា ហៅ(៩៥)