ក្នុងចំណោម សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូត៍ជាង៣០០ មានភ្ញៀវមកកក់ សម្រាប់ស្នាក់ដើម្បីឆ្លង ឆ្នាំនៅខេត្តកំពត ប្រមាណ៥៥ ភាគរយហើយ

(ខេត្តកំពត)៖ ដើម្បីអបអរឆ្នាំសកល ២០២១ខាងមុខនេះ គេកត់សម្គាល់ឃើញ ប្រជាពលរដ្ឋដែលមក ពីបណ្តាខេត្តផ្សេងៗ សម្រុកមកកក់បន្ទប់ ស្នាក់អាស្រ័យ ដើម្បីឆ្លងឆ្នាំសកល នៅក្នុងខេត្តកំពតយ៉ាង ច្រើនកុះករ។

បើយោងតាមប្រសាសន៍របស់ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត លោក សយ ស៊ីណុល កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមសេវាស្នាក់ នៅជាង៣០០កន្លែង គឺមានភ្ញៀវមកកក់ ដើម្បីស្នាក់អាស្រ័យជាង ពាក់កណ្តាលទៅហើយ(៥៥%)។

លោកបានបន្ថែមថា បើគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងចំណោមសេវាស្នាក់ នៅសរុបជាង៣០០ ដែលមានចំនួនជាង ៤,០០០បន្ទប់ ត្រូវបានភ្ញៀវមកពី បណ្តាខេត្តនានា មកកក់និងស្នាក់នៅ ជាបណ្តើរហើយ។

លោក សយ ស៊ីណុល បានបញ្ជាក់ផងដែរថា ថ្វីត្បិតមនុស្សសម្រុក មកឆ្លងឆ្នាំនៅខេត្តកំពត ច្រើនបែបនេះក្តី ប៉ុន្តែក្នុងនាមលោក ជាស្ថាប័នជំនាញ បានណែនាំដល់អ្នក ផ្តល់សេវាស្នាក់នៅធ្វើយ៉ាង ណាត្រូវរៀបចំឲ្យប្រកាន់ នូវភាពអនាម័យ ពិសេសក្នុងសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត ឬបឹងហ្គាឡូត៍ ត្រូវមានការត្រួតពិនិត្យ ដោយតម្រូវឲ្យមានជែល ឬអាកុល សម្រាប់លាងដៃ និងម៉ាសជាប្រចាំ។ធ្វើបែបនេះដើម្បី ចូលរួមទប់ស្កាត់ កុំឲ្យមានការ ចម្លងជំងឺកូវីដ ១៩ នៅតាមសហគមន៍របស់យើង។

លោកបានបញកជាក់ទៀតថា បើទោះជាយើងកំពុង ជួបនូវវិបត្តិកូវីដ១៩ បែបនេះក៏ដោយ ប៉ុន្តែបើគិតពីតួលេខភ្ញៀវ ទេសចរក្នុងស្រុក ហើយបើធៀបកាល ពីឆ្នាំមុនគឺភ្ញៀវមាន កំណើនគ្រាន់បើ។ចំពោះថ្ងៃឆ្លង ឆ្នាំខាងមុខនេះ លោកជឿជាក់ថា ពិតជាមានភ្ញៀវចូល មកខេត្តកំពតកាន់តែ ច្រើនជាងនេះទៅទៀត៕ ដោយលោក សេង ណារិទ្ធ