ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ភ្ញៀវទេសចរណ៍ជាង ៥ម៉ឺននាក់ បានចូលមកសម្រាក លំហែនៅខេត្តកំពត

(ខេត្តកំពត)៖ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០-២០២១ មានភ្ញៀវទេសចរណ៍ក្នុងស្រុក បានសម្រុកមកសម្រាក លំហែ ក្នុងខេត្តកំពត ប្រមាណជាង៥ម៉ឺននាក់។

លោកប្រធានបានគូស បញ្ជាក់ទៀតថា ផ្តើមចេញពីការយកចិត្ត ទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដោយលោកជំរុញ ដល់មន្ទីរជំនាញនានា ពិសេសមន្ទីរទេសចរណ៍ ដើម្បីរៀបចំកែ ប្រែសោភ័ណភាព ក្រុងកំពតឲ្យមាន ភាពលេចធ្លោ ពិសេសការណែនាំ ដល់អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត បឹងហ្គាឡូត៍ ឲ្យអនុវត្តវិធានការអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល។

ជាថ្មីម្តងទៀត លោក សយ ស៊ីណុល សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកទេសចរ ដែលបានមកសម្រាក លំហែទាំងអស់ សូមចូលរួមរក្សាអនាម័យ ដោយកុំបោះចោលសំរាម ផ្តេសផ្តាសនៅតាមទីសាធារណៈ ពិសេសក្នុងទឹកព្រែក កំពង់បាយ ព្រោះនៅតាមដងផ្លូវ ក្នុងក្រុងកំពតរបស់យើង  សុទ្ធតែមានធុងសំរាម សម្រាប់ទុកដាក់ ត្រឹមត្រូវគ្រប់ទីកន្លែង៕ ដោយលោក សេង ណារិទ្ធ