អភិបាលខេត្តចុះស្វែង យល់ពីវឌ្ឍនភាព និងជំរុញគម្រោង សាងសង់ស្ពាន បេតុងសម្ដេចតេជោ ត្រើយ កោះក្នុងក្រុងកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយ អភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះ ស្វែងយល់ពីវឌ្ឍនភាពនិងជំរុញ នៃដំណើរការសាងសង់ស្ពាន មួយកន្លែងដែលជា អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ហៅថា (ស្ពានត្រើយកោះ) ឆ្លងកាត់ដៃព្រែកកំពត ភ្ជាប់រវាងសង្កាត់ត្រើយកោះ និងសង្កាត់អណ្ដូងខ្មែរ ក្នុងក្រុងកំពត ខេត្តកំពត។

ស្ពាននេះគឺមានសារៈ សំខាន់សម្រាប់ ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ពិសេសការដឹកជញ្ជូន ផលិតផលអំបិល និងផលនេសាទ សមុទ្ររួមនឹងទំនិញ និងសម្ភារៈផ្សេងៗគ្រប់សារពើ ។ សព្វថ្ងៃប្រជាពលរដ្ឋ បាននឹងកំពុងធ្វើ ចរាចរណ៍ យ៉ាងសកម្ម លើស្ពានដែកបាឡេ ចាស់ដែលមានស្រាប់ ដោយស្ពាននេះ បានកសាងឡើង តាំងក្នុងឆ្នាំ២០០០ កន្លងទៅ ប៉ុន្តែមានសភាព ទ្រុឌទ្រមបាក់បែកធ្លុះធ្លាយ លើផ្ទៃស្ពានដែលបណ្ដាល ឱ្យពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាការដឹក ជញ្ជូនឆ្លងកាត់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ សព្វបែបយ៉ាង ពិសេសស្ពានផ្លូវ ភ្លើងអគ្គិសនី ទឹកស្អាតប្រើប្រាស់ និងធនធានមនុស្ស គឺជាគោលនយោបាយ យុទ្ធសាស្ត្រ អាទិភាពដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បី អភិវឌ្ឍសេដ្ឋកិច្ចប្រទេស ជាតិនិងការលើកកម្ពស់ ជីវភាពកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។

ដោយមើលឃើញ ពីសារៈសំខាន់នៃ ស្ពាននិងផ្លូវថ្នល់ មួយខ្សែនេះ រដ្ឋបាលខេត្តកំពត ក៏បានធ្វើគម្រោង ស្នើសុំទៅប្រមុខ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដើម្បីកសាងស្ពានបេតុងថ្មីនេះ តាមរយៈការ អនុវត្តគម្រោងសាងសង់ ដោយក្រសួង សាធារណការ និងដឹកជញ្ជូន ដែលមានមន្ត្រី ជំនាញសាធារណការ និងដឹកជញ្ជូន ខេត្តចូលរួមផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើនិងជំរុញដល់ មន្រ្តីជំនាញបច្ចេកទេស ឲ្យពន្លឿនការសាងសង់ នឹងបានសំណូមពរ ឲ្យអាជ្ញាធរមូលដ្ឋាន នឹងប្រជាពលរដ្ឋដែល រស់នៅក្បែរសង្ខាងផ្លូវ នៅជិតការដ្ឋានសាង សង់ស្ពាននេះ ធ្វើយ៉ាងណា ត្រូវធ្វើកិច្ចសហការ ជាមួយនឹងមន្ត្រីនិងអ្នក ពាក់ព័ន្ធឲ្យបានល្អដើម្បី ជំរុញដំណើរការ សាងសង់ស្ពាននេះ បានឆាប់ចប់ សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ។

សូមបញ្ជាក់ថា គម្រោងសាងសង់សូមបញ្ជាក់ថា ស្ពាននេះគឺជាអំ ណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងពីបេតុង មានបណ្ដោយ ៧៥ម៉ែត្រទទឹងស្ពាន ៩ម៉ែត្រ រួមនឹងផ្លូវតភ្ជាប់ក្បាល ស្ពានសង្ខាងជាប្រភេទផ្លូវ កៅស៊ូមានប្រវែង សរុប៣០០ម៉ែត្រ ដែលត្រូវបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១នេះ៕ដោយលោក សេង ណារិទ្ធ