ការនាំចេញអង្ករ របស់កម្ពុជាក្នុងរយៈ ពេល៤ខែឆ្នាំនេះ ធ្លាក់ចុះជាង ៣៥ ភាគរយ

(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល៤ ខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ អង្ករក្នុងបរិមាណ ១៩២ ៤៩៥តោន មានការថយចុះចំនួន ១០៧ ៧៥៧តោន ស្មើនឹង ៣៥.៨៩ % បើធៀបនឹងបរិមាណនាំ ចេញ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣០០ ២៥២តោន។

ក្នុងនោះអង្ករក្រអូប គ្រប់ប្រភេទមាន ១៣០ ១២០ តោន (៦៧,៦ ភាគរយនៃបរិមាណ នាំចេញសរុប) អង្ករសគ្រប់ ប្រភេទមាន ៥៩ ០២៦ តោន (៣០,៦៦ ភាគរយ) និងអង្ករចំហុយ មាន៣,៣៤៩ តោន (១,៧៤ ភាគរយ)។ តាមការប៉ាន់ស្មាន តម្លៃទទួលបានពី ការនាំចេញ មានជិត ១៦១,៧ លានដុល្លារ។

ឯកឧត្តមបញ្ជាក់ថា សម្រាប់ទីផ្សារគោល ដៅសំខាន់ៗរួមមាន ប្រទេសចិនមានបរិមាណ ១០៤ ៧៥៦ តោនស្មើនឹង ចំណែកទីផ្សារនាំ ចេញសរុប ៥៤,៤២ភាគរយ ទីផ្សារសហភាពអឺរ៉ុបមាន ៤២ ៨៥០តោន ស្មើនឹង ២២,២៦ ភាគរយ តំបន់អាស៊ាន ១៧ ៤៨៣តោន ស្មើនឹង ៩,០៨ ភាគរយ និងទិសដៅដទៃ ទៀត (១៨ ប្រទេស) មាន ២៧, ៤០៦ តោន ស្មើ ១៤,២៤ ភាគរយ។

ដោយឡែកបើយោង តាមទិន្នន័យដដែល ក្នុងរយៈពេលនេះការនាំ ចេញស្រូវ បែរជាមានកំណើន ខ្ពស់ទៅវិញ ដោយការនាំស្រូវទៅ ប្រទេសវៀតណាមមាន បរិមាណរហូតដល់ ១ ៥២៩ ២៨០ តោនកើនឡើង ៧៣,១៥ ភាគរយធៀប នឹងរយៈដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួនត្រឹម ៨៨៣, ២៣២ តោន។ លោក សុង សារ៉ន ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជាបាន ឱ្យដឹងដែរថា ការធ្លាក់ចុះបរិមាណ នៃការនាំចេញអង្ករនៅ ដើមឆ្នាំនេះ គឺបណ្តាលមកពី ឧបសគ្គនៃការបញ្ជូន ទំនិញទៅកាន់អ្នកបញ្ជា ទិញនៅក្រៅ ប្រទេស ជាពិសេសទៅកាន់ បណ្តាប្រទេសគោល ដៅនៅ ក្នុងសហគមន៍អឺរ៉ុប ដោយ សារតែកង្វះកុងតឺន័រសម្រាប់ផ្ទុកអង្ករ និងថ្លៃដឹកជញ្ជូនតាម សមុទ្រនៅតែបន្តមាន តម្លៃខ្ពស់ធៀបទៅរយៈ ពេលដូចគ្នា ៥ ឆ្នាំចុងក្រោយ ដែលមានគម្លាត ខ្ពស់ជាងរហូតដល់ជាង៥ដង។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២០កន្លងទៅ កម្ពុជាបាននាំ ចេញអង្ករសរុប ៦៩០ ៨២៩ តោន ដោយមានតម្លៃជិត ៥៣៩ លានដុល្លារ កើន ឡើង ១១,៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕