គម្រោងរៀបចំ កម្រាលថ្មស្ពានហាល មុខប្រាសាទអង្គរវត្ត នឹងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២១នេះ

(ខេត្តសៀមរាប)៖ គម្រោងរៀបចំ កម្រាលថ្មស្ពានហាល មុខប្រាសាទអង្គរវត្ត នឹងបញ្ចប់ជាស្ថាពរ នៅក្នុងឆ្នាំ២០២១នេះ ដើម្បីជួយលើក កម្ពស់សោភ័ណភាព អង្គរឲ្យកាន់តែស្រស់ ស្អាតបន្ថែមទៀត។

អ្នកយកព័ត៌មានយើង ប្រចាំខេត្តសៀមរាប ធ្វើសេចក្តីរាយការណ៍ ឲ្យដឹងថាៈស្ពានហាលនេះ គឺជាផ្លូវចេញចូលដ៏សំខាន់ នៃប្រាសាទអង្គរវត្ត ដែលជាប្រាសាទមួយ ប្រកបដោយអត្ថន័យ យ៉ាងជ្រាជ្រៅ សម្រាប់ប្រជាជាតិខ្មែរ ព្រោះជានិមិត្តរូបជាតិ ជាស្នាដៃស្ថាបត្យកម្ម និងវិស្វកម្ម ដ៏កំពូលរបស់បុព្វបុរសខ្មែរនាសម័យនោះ។

គម្រោងរៀបចំ កម្រាលថ្មស្ពានហាល មុខប្រាសាទអង្គរ វត្តមានប្រវែង៩០ម៉ែត្រ ដែលជាស្រទាប់ ខាងលើនៃស្ពានហាល ប្រាសាទអង្គរវត្ត នឹងរៀបរួចរាល់នាពេល ខាងមុខដ៏ខ្លី ដើម្បីឲ្យភ្ញៀវទេសចរ អាចធ្វើដំណើរ ដើរឆ្លងកាត់ឡើងវិញ។

លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករនៃគម្រោង ជួសជុលស្ពានហាល ខាងមុខប្រាសាទអង្គរវត្ត បានឲ្យដឹងថា ទោះបីជាបច្ចុប្បន្ននេះកម្ពុជា បានរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ តែក្រុមការងារ នៅតែបន្តសកម្មភាព ជួសជុលស្ពានហាល ខាងមុខប្រាសាទ អង្គរវត្តដើម្បីការងារ អភិរក្ស និងធានាសុវត្តិភាព ភ្ញៀវទេសចរដែល មកទស្សនាប្រាសាទអង្គរវត្ត។

លោកបន្តថា ចំពោះការងារពង្រឹង គ្រឺះរបស់ស្ពាន សម្រេចបាន ជិត១០០ភាគរយហើយ តែក្នុងនោះក្រុមការងារ កំពុងបន្តរៀបចំកម្រាល ការងាររៀបចំគ្រឹះខាងក្រោម និងការងារស្រាវជ្រាវ នៅផ្នែក កំពង់ទឹក ដោយរំពឹងថានឹងរួចរាល់នៅត្រឹមឆ្នាំ២០២១នេះ បើមិនមានអ្វីរាំងស្ទះនោះទេ។

លោកបន្តទៀតថា ការងារជួសជុល ស្ពានហាលនេះ ក៏ជួបប្រទះបញ្ហាប្រឈមខ្លះដែរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ តែយ៉ាងណា ក្រុមការងារនៅតែ ខិតខំប្រឹងប្រែង ដើម្បីឲ្យការងារនេះ បញ្ចប់បានតាមផែនការគ្រោងទុក។

”ក្នុងឆ្នាំហ្នឹងយើង នៅតែបន្តការងារ សម្រាប់ការងារពង្រឹង គ្រឹះយើងសម្រេច បានស្ទើតែ១០០ភាគរយហើយ យើងនៅតែបន្ត ការងាររៀបចំកម្រាល និងការងាររៀបចំគ្រឹះខាងក្រោម និងការងារស្រាវជ្រាវបន្ត នៅផ្នែកកំពង់ទឹក សម្រាប់ការងារ កម្រាលយើងសម្រេច បានជាង៩០ភាគរយហើយ នៅសល់មួយផ្នែក ទៀតដែលយើងរង់ចាំ ការចាក់ពង្រឹង គ្រឺះតភ្ជាប់ទៅកំពង់ទឹក ហើយនិងបុកដី រៀបកម្រាលបន្តអាចនឹងហើយក្នុងឆ្នាំហ្នឹង ហើយការងាររៀប ចំគ្រឹះខាងក្រៅ យើងនឹងបន្តទៀត ក្រោយពេលយើង ពង្រឹងគ្រឹះខាងក្នុង ដើម្បីធ្វើខាងក្រៅ បានយើងពង្រឹងខាង ក្នុងឲ្យរឹងមាំសិន ដោយឃើញ ស្រាប់ហើយ ជញ្ជាំងហើយពុក ផ្នែកខាងក្រៅខ្លាំង អ៊ីចឹងយើងពង្រឹង គ្រឹះខាងក្នុងសិន ការងាររៀបចំជណ្តើរ និងពង្រឹងគ្រឹះខាងក្រៅ បានប្រហែល៨០ ទៅ៩០ភាគរយដូចគ្នា ក្រោយពេលបញ្ចប់ ការពង្រឹងគ្រឹះខាងក្នុង ក្នុងអំឡុងខែមេសាឬ ខែឧសភាយើងនឹង ទៅពង្រឹងគ្រឹះខាង ក្រៅបន្តទៀត”។

សូមជម្រាប ផងដែរថា នៅឆ្នាំ១៩៩៦ ប្រទេសជប៉ុនតាមរយៈ សាកលវិទ្យាល័យ សូហ្វីយ៉ា បានចាប់ផ្ដើមគម្រោង ជួសជុលស្ពានហាល ជាដំណាក់កាល ដំបូងរបស់ខ្លួនដោយសហការ ជាមួយអាជ្ញាធរអប្សរា និងបានបញ្ចប់នៅ ឆ្នាំ២០០៧ ដែលមានប្រវែង១០០ម៉ែត្រ។

គម្រោងជួសជុលក្នុង ដំណាក់កាលទី២នេះ គឺជាគម្រោងកិច្ចសហ ប្រតិបត្តិការរវាងសាក លវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីពាក់ កណ្ដាលឆ្នាំ២០១៦មក ដើម្បីបង្ហើយផ្នែក ដែលនៅសល់ប្រវែង ៩០ម៉ែត្រនិងកំពង់ទឹក ហើយគ្រោង នឹងបញ្ចប់ក្នុងឆ្នាំ ២០២១នេះ៕