អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ក្នុងកាសុីណូសុខគីមម៉េង គិតត្រឹមព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១១នាក់

(ខេត្តកំពត)៖ យោងតាមសេចក្តី ជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពត​​ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១១នាក់ ដែលភាគច្រើន ជាបុគ្គលិកកាសុីណូ សុខគីមម៉េង នៅច្រកទ្វារព្រំដែន ទ្វេភាគីតន់ហន់។

ក្នុងដំណាក់កាលដែល រដ្ឋបាលខេត្តកំពត បានជូនដំណឹងលើកទី១ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ គឺរកឃើញអ្នក វិជ្ជាមាន កូវីដ-១៩ ចំនួន៥៦នាក់ ដែលភាគច្រើន ជាបុគ្គលិក កាសុីណូ សុខគីមម៉េង។ដោយឡែក ចំពោះការបន្តធ្វើតេស្ត និងយកសំណាក ដល់រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ តាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាល ខេត្តកំពត លើកទី២ គឺរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥នាក់ បន្ថែមទៀត បើគិតសរុបត្រឹមព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកវិជ្ជមាន កូវីដ-១៩ មានចំនួន១១១នាក់ហើយ។

សូមបញ្ជាក់ផងដែរថា តាមការឲ្យដឹងពី ក្រុមគ្រូពេទ្យអះអាងថា អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលកំពុងសម្រាកព្យាបាល និងកំពុងធ្វើចត្តាឡីស័ក ត្រូវចែកជា២មណ្ឌល គឺមណ្ឌលទី១ ស្ថិតនៅវិទ្យាល័យព្រះបិតា ថវិកាជាតិ (ស្រុកកំពង់ត្រាច) ដែលមានអ្នកពាក់ព័ន្ធសរុប ១០៤នាក់ កំពុងព្យាលបាល និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ដោយឡែក មណ្ឌលទី២ ស្ថិតក្នុងកាសុីណូ សុខគីមម៉េង​ (ច្រកទ្វារព្រំដែនតន់ហន់) ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត មានអ្នកពាក់ព័ន្ធ ចំនួន១១៤នាក់ កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕​ ដោយលោក សេង ណារិទ្ធ